នារសៀលថ្ងៃសុក្រ ១២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងែទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ លោក អ៊ុក ណារិន នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានចូលរួមពិធីបិទកិច្ចប្រជុំបូកសរុបការងារវិស័យជលផលប្រចាំឆ្នាំ២០១៨ និងទិសដៅការងារអនុវត្តបន្តនៅឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន រួមជាមួយវត្តមានរបស់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង និងសមាជិក សមាជិកាប្រមាណជា ៤០០នាក់នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានអានរបាយការណ៍បូកសរុប និងវាយតម្លៃលើលទ្ធផលដែលសម្រេចបានលើការងារវិស័យជលផលនាឆ្នាំ២០១៨ កន្លងមកជូនអង្គពិធីជ្រាបដោយសង្ខេបដែលមានខ្លឹមសារសំខាន់ផ្តោតទៅលើការងារអភិវឌ្ឍន៍វារីវប្បកម្មទាំងទឹកសាប និងទឹកប្រៃ ការងារអភិវឌ្ឍសហគមន៍ ការងារគ្រប់គ្រងព្រៃលិចទឹក និងការបោះបង្គោលដែនជម្រកត្រីពូជ ការងារបណ្តុះបណ្តាល ស្រាវជ្រាវ និងផ្សព្វផ្យាយបច្ចេកទេស ការភ្ញាស់កូនត្រីពូជ វិស័យកែច្នៃផលិតផលត្រី ការរៀបចំលិខិតបទដ្ឋានកតិយុត្តសំខាន់ៗមួយចំនួនទៀត និងកិច្ចសហការជាមួយអង្គការ ដៃគូអភិវឌ្ឍ និងវិស័យឯកជន។ល។ ដោយឡែក ឯកឧត្តមក៏បានជម្រាបជូនអង្គពិធីផងដែរអំពីបញ្ហាប្រឈន ផែនការ និងទិសដៅអនុវត្តបន្តនាឆ្នាំ២០១៩។
ក្នុងឳកាសដ៏មានអត្ថន័យនេះ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះវត្តមានរបស់សមាជិក សមាជិកា ដែលបានអញ្ជើញចូលរួមក្នុងពិធីនេះ និងបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយស្មារតីយកចិត្តទុកដាក់ និងការលះបង់ខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែលបំពេញភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ និងជាពិសេសលោកបានវាយតម្លៃខ្ពស់ចំពោះធាតុចូល គំនិត បទពិសោធន៍ និងវិធានការថ្មីៗដែលអង្គប្រជុំសម្រេចបានក្នុងរយៈ ០២ថ្ងៃកន្លងមកនេះ។ ការខិតខំប្រឹងប្រែងនេះ គឺស្របពេលដែលរាជរដ្ឋាភិបាលបាននិងកំពុងធ្វើកំណែទម្រង់ស៊ីជម្រៅក្នុងវិស័យជលផល ដែលនេះជាសក្ខីភាពបង្ហាញឱ្យឃើញនូវការចូលរួមចំណែកលើកកម្ពស់វិស័យជលផលនៅកម្ពុជាឱ្យមានការរីកចម្រើនប្រកបដោយមោទនភាព។ ដោយឡែក របាយការណ៍របស់រដ្ឋបាលជលផលក៏បានបង្ហាញឱ្យឃើញពីបញ្ហាលំបាកនៃវិស័យជលផលចំពោះមន្រ្តីជំនាញក្នុងពេលបំពេញការងារ ការអនុវត្តទាំងច្បាប់ និងបច្ចេកទេស រួមជាមួយការបង្គ្រាបបទល្មើសផងដែរ ក៏ប៉ុន្តែឯកឧត្តម លោក លោកស្រី នាងកញ្ញាទាំងអស់បានខិតខំប្រឹងប្រែង ជម្នះឧបសគ្គនានា ដើម្បីសម្រេចបានលទ្ធផលដ៏ធំធេងនៅក្នុងឆ្នាំ២០១៨នេះ ហើយសង្ឃឹមថាក្នុងឆ្នាំ២០១៩ នឹងទទួលបានលទ្ធផលកាន់តែល្អប្រសើរថែមទៀត។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ជូនអង្គពិធីជ្រាបថាការគ្រប់គ្រងធនធានធម្មជាតិឱ្យមាននិរន្ដរភាព គឺជាភារកិច្ចមួយដែលមានលក្ខណៈលំបាកស្មុគស្មាញ ប្រទាក់ក្រឡាគ្នាដែលទាមទារឱ្យថ្នាក់ដឹកនាំគ្រប់អង្គភាព និងមន្រ្តីជំនាញត្រូវបង្កើនស្មារតីទទួលខុសត្រូវ ផ្តល់កិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងកងកំលាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ឱ្យបានល្អប្រសើរដើម្បីអភិវឌ្ឍន៍ និងអភិរក្សធនធានធម្មជាតិរបស់ជាតិយើងឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។ ស្ថិតក្នុងបរិយាកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ចំនួន ១៥ចំណុចជូនថ្នាក់ដឹកនាំក៏ដូចជាមន្រ្តីជំនាញជលផល ដើម្បីពង្រឹងការងារដឹកនាំ គ្រប់គ្រងទាំងការងាររដ្ឋបាល បច្ចេកទេស និងការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព ឈានទៅធ្វើការអភិវឌ្ឍវិស័យជលផលប្រកបដោយនិរន្តរភាព។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម