ថ្ងៃសៅរ៍ ១២កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩
លោក ស៊ឹម ថាវីរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានអមដំណើរ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ សម្ភោធដាក់ឲ្យប្រើប្រាស់ ពុទ្ធាភិសេកនិង ឆ្លងសមិទ្ធិផលនានា នៅវត្តពោធិ៍វ័ន(វត្តកោះប៉ែន) ឃុំកោះមិត្ត ស្រុកកំពង់សៀម និងជួបសំណេះសំណាលជាមួយបងប្អូនពុទ្ធិបរិស័ទចំណុះជើងវត្ត ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាជ្ញាធរមូលដ្ឋាន សមាជិកក្រុមការងារចុះជួយឃុំ ប្រមាណ៨០០នាក់។ឆ្លៀតយកឱកាសដ៏មានតម្លៃនេះ ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនបងប្អូនអំពីដំណើរការវិវឌ្ឍរបស់ប្រទេសជាតិដោយសង្ខេបក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដូចជាវិស័យកសិកម្ម សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និងទេសចរណ៍ ជាពិសេសយើងរក្សាបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គមបានយ៉ាងល្អប្រសើរ។ សមិទ្ធផលដ៏ធំធេងនេះ បានទាក់ទាញការ វិនិយោគដើម្បីចូលរួមបង្កើតការងារ បង្កើនចំណូល រក្សាកំណើនសេដ្ឋកិច្ច លំហូរទេសចរណ៍ បង្កលក្ខណៈ ងាយស្រួលក្នុងការនាំចេញកសិផល និងផលិតផលផ្សេងៗ ហើយប្រាកដណាស់អាចឈានទៅប្រែក្លាយប្រទេស យើងឲ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ ស្របតាមចក្ខុវិស័យរបស់សម្តេចតេជោ ហ៊ុន សែន។ ដើម្បីរក្សាបាននូវស្ថិរភាពសង្គម និងកំណើនសេដ្ឋកិច្ច លោកបានក្រើនរំលឹងដល់មន្រ្តី អាជ្ញាធរមូលដ្ឋាន កងកំលាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺត្រូវចុះមកបម្រើពលរដ្ឋដោយស្មោះត្រង់ ពេញ លេញ សកម្ម ទូលំទូលាយ ទាន់ពេលវេលា មានការទទួលខុសត្រូវ និងមាន ប្រសិទ្ធភាពខ្ពស់ និងជាពិសេសរក្សាឲ្យបាននូវសាមគ្គីភាព ឯកភាពជាតិ ប្រឆាំងដាច់ខាតនូវចលនាបដិវត្តន៍ពណ៌ ពាក្យញុះញង់ មួលបង្កាច់ បំផុសបំផុល អូសទាញរបស់ជនអគតិ ដែលអាចនាំឲ្យប្រទេសជាតិធ្លាក់ក្នុងគ្រោះ មហន្តរាយជាថ្មីម្តងទៀត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម