ថ្ងៃសុក្រ ៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩
លោក ស៊ឹម ថាវីរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៨ និងទិសដៅឆ្នាំ២០១៩របស់អគ្គនាយកដ្ឋានផលិតកម្មសត្វ និងសុខភាពសត្វ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីណាក់ឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង លោកឧកញ៉ា លោក លោកស្រី នាងកញ្ញា តំណាងស្ថាប័នពាក់ព័ន្ឋ និងមន្ទីរកសិកម្មរាជធានី-ខេត្ត ដៃគូអភិវឌ្ឍយ៉ាងច្រើនកុះករផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់នូវចក្ខុវិស័យ និងអនុសាសន៍មួយចំនួនជូនអគ្គនាយកដ្ឋានយកទៅពិចារណា និងអនុវត្តឲ្យទទួលបានជោគជ័យក្នុងនោះមានដូចតទៅ៖
ទី១-ជំរុញអនុវត្តផែនការសកម្មភាព ដែលចែងក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០១៩-២០២៣ ដើម្បីរួមចំណែកសម្រេចគោលដៅជាអាទិភាព ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤។ ត្រូវពង្រីកការចិញ្ចឹមសត្វជា ពិសេសការចិញ្ចឹមគោពូជល្អៗដែលមានតម្លៃទីផ្សារខ្ពស់ និងជំរុញការបង្កាត់សិប្បនិម្មិតឲ្យបានកាន់តែទូលំទូលាយ។
ទី២-ជំរុញការផលិតចំណីសត្វ ការដាំដំណាំចំណីសត្វ ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកមានតម្លៃសមរម្យ កាត់បន្ថយការនាំចូលវត្ថុធាតុដើមដែលមិនចាំបាច់។ ត្រូវសហការជាមួយអង្គភាព ដៃគូអភិវឌ្ឍ វិស័យឯកជន និងស្ថាប័នស្រាវជ្រាវធ្វើ ការសិក្សាឲ្យបានល្អិតល្អន់នូវចំណីផ្សំស្រេច ថ្នាំ ឬផលិតផលផ្សេងៗដើម្បីដឹងអំពីសមាធាតុផ្សំ ការប្រើប្រាស់ រក្សាទុកដាក់និងហានីភ័យរបស់វា។
ទី៣- ត្រូវពង្រឹងការអនុវត្តនីតិវិធីនៃការដឹកជញ្ជូនសត្វ ការធ្វើចរាចរណ៍សត្វ និងផលិតផលសត្វ ការតាំងលក់ និងដឹកជញ្ជូនផ្ទាំងសាច់ ឲ្យបានត្រឹមត្រូវតាមបច្ចេកទេស ដើម្បីលើកកម្ពស់អនាម័យសត្វ ផលិតផលសត្វ គុណភាព និងអនាម័យចំណីសត្វ និងបសុឱសថ ក្នុងគោលបំណងធានាគុណភាព សុវត្ថិភាពសាច់និងផលិតផលសត្វ និងបង្កើនប្រសិទ្ធភាពលើការបង្ការ ទប់ស្កាត់ និងការពារជំងឺឆ្លងសត្វ ជំងឺស៊ូណូស ដើម្បីលើកកម្ពស់សុខភាពសាធារណៈ។ ត្រូវបន្តយកចិត្តទុកខ្ពស់ដល់ការគ្រប់គ្រង កាកសំណល់ពីសត្វ បញ្ហាអនាម័យនៅតាមបណ្តាសត្តឃាតដ្ឋាន កសិដ្ឋាន កន្លែងចិញ្ចឹមសត្វ តាមរយៈការអប់រំ ផ្សព្វផ្សាយការអនុវត្តល្អ ប្រសើរលើការចិញ្ចឹមសត្វ ការសាងសង់ឡជីវឧស្ម័ននៅកសិដ្ឋានចិញ្ចឹមសត្វ និងគ្រួសារ។
ទី៤-ត្រូវចាត់វិធានការទប់ស្កាត់នូវរាល់បទល្មើសដូចជាការនាំចូលសត្វ សាច់សត្វ ចំណីសត្វ វត្ថុធាតុដើមផ្សំចំណីសត្វថ្នាំការពារ និងព្យាបាលសត្វខុស ច្បាប់តាមច្រករបៀងនាបណ្តាខេត្តនៅជាប់ព្រំដែនដោយត្រូវសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ប្រយោជន៍ដើម្បីការពារជំងឺឆ្លងសត្វ គ្រប់គ្រងស្ថិតិសត្វ ចលនាសត្វ និងផលិតផលសត្វឲ្យបានសុក្រឹត្យ។
ទី៥-ពង្រឹងសាមគ្គីភាពផ្ទៃក្នុង យកចិត្តទុកដាក់អនុវត្តភារកិច្ចក្នុងស្មារតីទទួលខុសត្រូវ ធានាបានប្រសិទ្ធភាពខ្ពស់។ ពង្រឹងការគ្រប់គ្រងមន្រ្តីរាជការ រៀបចំតួនាទី និងភារកិច្ចជូនមន្រ្តីឲ្យបានសមរម្យ សាកសមតាមសមត្ថភាព និងបទពិសោធន៍ការងារ។ យកចិត្តទុកដាក់ផ្តល់សេវាកម្ម បសុព្យាបាល ដើម្បីជំរុញផលិតកម្មសត្វ ការធ្វើពាណិជ្ជកម្មសត្វ និងផលិតផលសត្វ។
ទី៦-បង្កើននិងពង្រឹងកិច្ចសហប្រតិបត្ដិការភាពជាដៃគូ និងបច្ចេកទេសនៅថ្នាក់ជាតិ អាស៊ាន និងអន្ដរជាតិ អង្គការ ស្ថាប័នទ្វេភាគី និងពហុភាគីជុំវិញបញ្ហានានាដែលពាក់ព័ន្ធជាមួយនឹងសុខភាពសត្វនិងផលិតកម្មសត្វ។ បន្តកិច្ចសហប្រតិបត្តិការជា មួយអន្តរស្ថាប័នពាក់ព័ន្ធ រដ្ឋ-បាលរាជធានី-ខេត្ត វិស័យឯកជន និងគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ក្នុងស្មារតីទទួលខុសត្រូវខ្ពស់តាមអភិ-ក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍” ។
ទី៧-បន្តខិតខំរៀបចំកសាងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ និងត្រូវជំរុញការផ្សព្វ ផ្សាយច្បាប់ និងបទដ្ឋានគតិយុត្តក្រោមច្បាប់នេះឲ្យបានទូលំទូលាយ។ អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ និងនីតិវិធីទាំងឡាយដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងបានចង្អុលបង្ហាញ និងត្រូវរៀបចំនីតិវិធីក្នុងការផ្ដល់វិញ្ញាបនបត្រ និងផ្ដល់ការគាំទ្រដល់ការបង្កើតគណៈបសុពេទ្យដោយមានការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។