នាព្រឹកថ្ងៃអង្គារ ៦រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ លោក ស៊ឹម ថាវីរ់ៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានចូលរួមសិក្ខាសាលាស្តីពី វិធានការការពា និងទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ដៃគូអភិវឌ្ឍ តំណាងក្រុមហ៊ុនជាតិ-អន្តរជាតិ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ក្រុមហ៊ុនផលិតចំណីសត្វ អាជីវករពិឃាតសត្វ ម្ចាស់សត្តឃាតដ្ឋាន ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក ក្រុមហ៊ុននាំជ្រូកចូល និងអាជីវករលក់សាច់ជ្រូកប្រមាណ ៥០០នាក់។ពាក់ព័ន្ធនឹងប្រធានបទខាងលើ ឯកឧត្តមរដ្ឋមន្ត្រីបានសង្ខេបជម្រាបជូនអង្គពិធីពីប្រវត្តិនៃជំងឺប៉េស្តជ្រូកអាហ្វ្រិកថា ជំងឺនេះបានផ្ទុះឡើងលើកដំបូងនៅឆ្នាំ១៩០៧ នៅប្រទេសកេនញ៉ា ហើយវាបានផ្ទុះឡើងជាបន្តបន្ទាប់ទៅតាមបណ្តាប្រទេសក្នុងទ្វីបអាហ្វ្រិក និងចុងក្រោយក្នុងឆ្នាំ២០១៨ ជំងឺនេះបានផ្ទុះឡើងនៅបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប រួចបន្តរាលឆ្លងចូលក្នុងប្រទេសចិន ហើយបច្ចុប្បន្នបាននិងកំពុងបន្តរាលដាលតាមបណ្តាខេត្តមួយចំនួននៅប៉ែកខាងជើង និងកណ្តាលនៃប្រទេសវៀតណាម។ លោកបន្ថែមទៀតថា ជំងឺនេះបានបង្កមហន្តរាយយ៉ាងធ្ងន់ធ្ងរដល់ឧស្សាហកម្មជ្រូក និងបានធ្វើឲ្យសេដ្ឋកិច្ចជាតិមានការខាតបង់យ៉ាងច្រើន។ ការរីករាលដាលយ៉ាងស្រួចស្រាវនៃជំងឺដ៏កាចសាហាវនេះនៅប្រទេសវៀតណាម ប្រាកដជានឹងបង្កឲ្យមានការព្រួយបារម្ភដល់អ្នកចិញ្ចឹមជ្រូកនៅកម្ពុជាគ្រប់កម្រិត រួមទាំងអាជីវករ ម្ចាស់សត្តឃាតដ្ឋាន ក្រុមហ៊ុនផលិតចំណីជ្រូក ដេប៉ូលក់ចំណីជ្រូក និងជាពិសេសអ្នកបរិភោគសាច់ជ្រូក។ល។ជាមួយគ្នានេះ ឯកឧត្តម បានណែនាំឲ្យប្រធានមន្ទីរ និងមន្ត្រីពេទ្យសត្វខេត្តទាំង ៧ដែលមានព្រំ ប្រទល់ជាប់ប្រទេសវៀតណាមត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ដោយត្រូវអនុវត្តខ្លឹមសារាចរណែនាំលេខ១១៩ ឲ្យមានប្រសិទ្ធភាព។ អ្នកចិញ្ចឹម ម្ចាស់សត្តឃាតដ្ឋាន អាជីវករលក់សាច់ ត្រូវចូលរួមសហការរក្សាតម្លៃសាច់ជ្រូកឲ្យនៅដដែល ដោយមិនត្រូវឆក់ឱកាសតម្លើងតម្លៃសាច់ជ្រូកជាដាច់ខាត។
ក្រៅពីវិធានការដែលបានដាក់ចេញដោយក្រសួង ក៏នៅមានវាគ្និនជំនាញផ្នែកជំងឺនេះនឹងលើកយកវិធានការបច្ចេកទេស និងវិធានការជីវសុវត្ថិភាពមកបកស្រាយជូនអង្គពិធីបន្ថែមដើម្បីជាធាតុចូលសម្រាប់ទុកជាយុទ្ធសាស្រ្តឲ្យភាគីពាក់ព័ន្ធយកទៅអនុវត្តជាបន្ទាន់ដើម្បីការពារ និងទប់ស្កាត់ជំងឺនេះមិនឲ្យរាលឆ្លងចូលកម្ពុជាទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។ ដូច្នេះលោកស្នើឲ្យសិក្ខាកាមត្រូវស្វែងយល់ឲ្យបានស៊ីជម្រៅនិងជួយផ្សព្វផ្សាយបន្តឲ្យបានទូលំទូលាយបន្ថែមទៀតអំពីបញ្ហាប្រឈម ផលប៉ះពាល់ជាអវិជ្ជមានមកលើសង្គម-សេដ្ឋកិច្ចជាតិ សុខុមាលភាពសាធារណៈ។ ទន្ទឹមនឹងនេះ ត្រូវពង្រឹងការធ្វើជីវសុវត្ថិភាពក្នុងកសិដ្ឋាន កន្លែងចិញ្ចឹមសត្វ កន្លែងប្រមូលផ្តុំសត្វ សត្តឃាតដ្ឋានឲ្យបានល្អប្រសើរ និងរាយការណ៍អំពីស្ថានភាពខុសប្រក្រតីនៃជំងឺសត្វ និងសាច់សត្វឲ្យបានឆាប់រហ័សបំផុតដល់សមត្ថកិច្ចពាក់ព័ន្ធ។ ជាមួយនេះ គ្រប់តួអង្គពាក់ ព័ន្ធទាំងអស់ត្រូវសហការជាមួយក្រុមហ៊ុន ដៃគូអភិវឌ្ឍន៍ជាតិនិងអន្តរជាតិទាំងអស់ រួមទាំងអង្គការសុខភាពសត្វពិភពលោក (OIE) អង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ (FAO) ដើម្បីស្វះស្វែងរកប្រភពថវិកាក្នុងការរៀបចំទប់ស្កាត់ជំងឺទាំងនៅមុនពេលផ្ទុះ ពេលផ្ទុះ និងក្រោយផ្ទុះជំងឺក្នុងស្មារតីទទួលខុសត្រូវ។ ទន្ទឹងនឹងនេះ ត្រូវជៀសវាងការផ្សព្វផ្សាយខុសពីការពិតអំពីជំងឺនេះដែលនាំឲ្យប៉ះពាល់ដល់អ្នកចិញ្ចឹម សុខភាពសាធារណៈ និងសេដ្ឋកិច្ចជាតិយើង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម