ថ្ងៃអង្គារ៍ ១១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ លោកប្រធានមន្ទីរ ស៊ឹម ថាវីរៈ បានចូលរួម អបអរសាទរខួបអនុស្សាវរីយ៍លើកទី ១៣៣ នៃទិវាពលកម្មជាតិ ១ ឧសភា នៅរោងចក្រ Medtecs ខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ដោយមានការចូលរួមពីកម្មករ-កម្មការិនីរោងចក្រកាត់ដេរជាង៣៤០០នាក់ ។ក្រៅពីការផ្តល់សារអប់រំពីការងារ និងអត្ថប្រយោជន៍នៃការងារ ឯកឧត្តម គួច ចំរើន និងក្រុមការងារ ព្រមទាំងភាគីរោងចក្រ ក៏ចាប់ឆ្នោតផ្តល់សំណាង ព្រមទាំងលេងល្បែងកម្សាន្តផ្តល់ភាពសប្បាយរីករាយដល់កម្មករ ។
ឯកឧត្ដម គួច ចំរើន បានអំពាវនាវសូមឱ្យកម្មករ-កម្មាការិនី ធ្វើយ៉ាងណាយកចិត្តទុកដាក់លើបញ្ហាសុខភាពជាចំបង ជាពិសេសត្រូវធ្វើអនាម័យនៅកន្លែងការងារ ព្រមទាំងប្រឹងប្រែងបំពេញការងារដើម្បីរោងចក្ររីកចម្រើន ហើយរោងចក្រមានលទ្ធភាពបំពេញសេចក្តីត្រូវការរបស់កម្មករ-កម្មការិនីវិញ តាមច្បាប់ស្តីពីការងារ។
យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវសុំឱ្យរោងចក្រជាសហគមន៍ដ៏សុខសាន្ត ដែលមានទំនាក់ទំនងល្អរវាងថៅកែ អ្នកគ្រប់គ្រងរោងចក្រ និងកម្មករ«តំបន់រោងចក្រជាតំបន់គ្មានបងតូច បងធំ និងគ្មានការកៀបសង្កត់ បង្កអសន្តិសុខណាមួយឡើយ»៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម