នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២
លោក ស៊ឹម ថាវីរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានចូលរួមក្នុងពិធីអបអរសាទរ ទិវាពលកម្មដាំដើមឈើប្រពៃណីជាតិ ហៅថា " រុក្ខទិវា ៩កក្កដា " បានការដាំកូនឈើប្រមាណជាង ១៣០០ដើម រួមមាន៖ កូនឈើបេង គ្រញ៉ូង ធ្នង់ និងកូនក្ងោក។ ពិធីនេះប្រព្រឹត្តទៅនៅបិវេណវត្តបភាវត្យារាមគគរ ហៅវត្តគគរ ស្ថិតក្នុងភូមិគគរ ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ក៏មានការនិមន្ត និងចូលរួមពីព្រះមន្ត្រីសង្ឃ សលាអនគណស្រុក អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល កងកម្លាំងទាំងបី នាយខណ្ឌរដ្ឋបាលព្រៃឈើ អាជ្ញាធរមូលដ្ឋាន មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍សំណេះសំណាល និងថ្លែងក្នុងអង្គពិធីថា ការរៀបចំពិធីអបអរសាទរពិធីបុណ្យរុក្ខទិវានេះ បានធ្វើឡើងតាំងពីឆ្នាំ១៩៩០មកម្ល៉េះ និងបានរៀបចំ ២៦លើក មកហើយ គិតមកដល់ពេលនេះ។ ឆ្នាំនេះ ជាលើកទី២៧ ដែលថ្នាក់ខេត្តបានរៀបចំប្រារព្ធរុក្ខទិវា ដើម្បីរំលឹកនូវស្នាព្រះហស្ថដ៏ឧត្ដុងឧត្តមរបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះបរមរតនកោដិ នរោត្តមសីហនុ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ ព្រះវររាជមាតាជាតិខ្មែរនៃយើង ដែលព្រះអង្គទាំងទ្វេរ តែងតែយកព្រះទ័យទុកដាក់ក្នុងការងារនេះ ជាពិសេសដើម្បីធ្វើឲ្យទឹកដីខេត្តកំពង់ចាមគ្របដណ្ដើមដោយដោយគម្របពណ៌បៃតងផងដែរ។
នាឱកាសនេះ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអំពាវនាវដល់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ អង្គភាពនានា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ គ្រឹះស្ថានសិក្សានានា ទីអារាមទាំងអស់ និងបងប្អូនប្រជាពលរដ្ឋគ្រប់រូប សុមយកចិត្តទុកដាក់បន្តបង្កើនការបណ្ដុះ និងដាំកូនឈើឲ្យបានច្រើនថែមទៀតពីមួយឆ្នាំទៅមួយឆ្នាំ។ សការរួមគ្នាបន្តការដាំពូជឈើល្អៗគ្រប់ប្រភេទ ឲ្យបានកាន់តែច្រើនឡើង នៅលើដីទំនេរ ទីទួល ទីទំនាប តាមទីអារាម ស្ថាប័ន គ្រឹះស្ថានសិក្សា ភូមិដ្ឋាន និងតាមទីសាធារណៈផ្សេងៗឲ្យបានច្រើន។ ចំពោះបងប្អូនប្រជាពលរដ្ឋមួយចំនួនដែលធ្វើចំណាកស្រុក ទៅប្រកបរបរកាប់ឈើ អារឈើ ប្រមូលផល អនុផលព្រៃឈើ ឬប្រមាញ់សត្វព្រៃខុសច្បាប់ សូមបង្វែរនូវសកម្មភាពអវិជ្ជមានទាំងនោះ មកធ្វើការបង្កើនផលិតភាពកសិកម្ម ដាំដុះ ចិញ្ចឹមសត្វ និងការងារផ្សេងៗដែលមានក្នុងមូលដ្ឋានរបស់ខ្លួន។ ទន្ទឹមនឹងនោះដែរ ក៏សូមអំពាវនាវដល់អង្គការជាតិ-អន្តរជាតិ ដៃគូរអភិវឌ្ឍន៍នានា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ អង្គការពាក់ព័ន្ធ បន្តកិច្ចសហប្រតិបត្តិការតាមគ្រប់រូបភាព ក្នុងការថែរក្សាធនធានព្រៃឈើ និងដាំកូនឈើឲ្យបានជាអតិបរិមា ព្រោះថាដើមឈើដែលដុះដាលរីកចម្រើនច្រើន វាជាពហុប្រយោជន៍ និងបានបំពេញនៅលើដីទំនេរឲ្យមានគម្របព្រៃឈើ៕
ប្រភព៖ រូបភាពពីរដ្ឋបាលខេត្តកំពង់ចាម Kampongcham Provincial Hall