មាតិកា
ពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារបន្តឆ្នាំ២០២៣ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម
ចេញ​ផ្សាយ ២១ មីនា ២០២៣
215

ពិធីបើកកិច្ចប្រជុំបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម

នាព្រឹក, ថ្ងៃចន្ទ ៨ រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣:

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ដឹកនាំដោយលោក ស៊ឹម ថាវីរ: ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក-លោកស្រី អនុប្រធានមន្ទីរ សហការជាមួយអស់លោក-លោកស្រីខណ្ឌរដ្ឋបាលជលផល និងរដ្ឋបាលព្រៃឈើ អស់លោក-លោកស្រី ថ្នាក់ដឹកនាំការិយាល័យជំនាញទាំង១០ចំណុះឲ្យមន្ទីរ បានសម្តែងនូវភាវរស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមជាគណៈអធិបតីបើកកិច្ចប្រជុំបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម។

ពិធីប្រជុំនេះ មានការចូលរួមពីសំណាក់ លោកនាយករដ្ឋបាល កងកម្លាំងទាំងបី អង្គភាពជុំវិញខេត្ត អភិបាលនៃគណៈអភិបាលក្រុង-ស្រុកទាំង១០ មន្ត្រីរាជការចំណុះឱ្យមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ រួមនឹងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

នាឱកាសនេះផងដែរ ឯកឧត្តមអភិបាល នៃគណៈអភិបាលលោកមានប្រសាសន៍ផ្តោតសំខាន់ទៅលើការអភិវឌ្ឍវិស័យកសិកម្មមានចំណុចចំនួនដូចក្រោម:

១. ជម្រុញការបណ្តុះបណ្តាលបច្ចេកទេសកសិកម្មថ្មីទៅដល់កសិករក្នុងមូលដ្ឋាន ទាំងបច្ចេកទេសធ្វើ និងការអនុវត្តន៍ជាក់ស្តែង។

២. ផ្តល់បច្ចេកទេសឲ្យបានសមស្របទាន់ពេលវេលា។

៣. ពង្រឹងសហគមន៍កសិកម្ម បណ្តុំអាជីវកម្ម ក្រុមកសិករអ្នកផលិតក្នុងខ្សែច្រវាក់តម្លៃ និងកសិករអ្នកផលិត អ្នកប្រមូលទិញ ដើម្បីងាយស្រួលក្នុងការធ្វើផែនការ ដាំដុះ ឆ្លើយតបតាមតម្រូវការអ្នកប្រើប្រាស់ និងទីផ្សារ តាមរយៈធ្វើកសិកម្មតាមកិច្ចសន្យា។

៤. ផ្តល់សេវាកម្មកសិកម្មដល់កសិករ សិប្បកម្ម សហគ្រាសកែច្នៃ និងសហការជាមួយអង្គការដៃគូអភិវឌ្ឍន៍នានា។

៥. ត្រៀមលក្ខណៈសម្បត្តិពាក់ព័ន្ធ ព្រមទាំងដៃគូអភិវឌ្ឍនានា ដើម្បីឲ្យវិស័យកសិកម្មខេត្តកំពង់ចាម កាន់តែរីកចំរើន ធ្វើឲ្យកសិកម្មធ្លាប់តែផ្គត់ផ្គង់គ្រួសារប្រែក្លាយទៅជាធ្វើកសិកម្មសម្រាប់ធ្វើជំនួញ រួមចំណែកកាត់បន្ថយភាពក្រីក្រក្នុងខេត្ត ក៏ដូចជាក្នុងប្រទេសផងដែរ។

ក្រៅពីនេះ សម្រាប់ឆ្នាំ២០២៣ ឯកឧត្តមអភិបាលនៃគណៈអភិបាល លោកមានប្រសាសន៍មួយចំនួនដូចតទៅ:

១. ត្រូវផ្សារភ្ជាប់ជាមួយគោលនយោបាយអភិវឌ្ឍន៍ តាមវិស័យនិមួយៗ ធ្វើយ៉ាងណាឲ្យប្រែក្លាយខេត្តរបស់យើងកាន់តែមានសក្តានុពលថែមទៀត

២. យើងមានទឹកដីភូមិសាស្រ្តនានា ទូលំទូលាយ ហើយជាខេត្តមួយប្រកបដោយសក្តានុពល ចំណូលនៃសេដ្ឋកិច្ចខេត្តលើវិស័យកសិកម្មនាំមុខ មានប្រមាណជាង៤១%នៃសេដ្ឋកិច្ចរបស់ខេត្ត។

ទន្ទឹមនឹងនេះ ឯកឧត្តម លោកផ្តោតទៅលើគោលនយោបាយសត្វ ការចិញ្ចឹមត្រី ដោយសារខេត្តមានប្រភពទឹកគ្រប់គ្រាន់ តែការផ្គត់ផ្គង់ត្រីនូវមានការខ្វះខាត មានការនាំចូលពីប្រភពខាងក្រៅ ដូច្នេះ ត្រូវរៀបចំផែនការដាក់ចេញជាគោលនយោបាយ ក្នុងខេត្ត ដែលមានកសិដ្ឋានផ្គត់ផ្គង់ពូជត្រី ផ្តល់ជូនប្រជាកសិករ តាមលក្ខណៈគ្រួសារ ឬតាមលក្ខណៈសហគមន៍កសិកម្ម និងអាចផ្គត់ផ្គង់ត្រីក្នុងខេត្តមានលក្ខណ:គ្រប់គ្រាន់ និងប្រែក្លាយជាខេត្តនាំត្រីទៅវិញ។

ចំនួនអ្នកចូលទស្សនា
Flag Counter